កម្ពុជា

នៅប្រទេសកម្ពុជា មិនសូវមានការពិភាក្សាអំពីតំបន់ដីសណ្តរទន្លេមេគង្គ ស្ថិតនៅជាប់ព្រំប្រទល់វៀតណាម​ប៉ុន្មានទេ។ ជាក់ស្តែងចំណុចចាប់ផ្តើមប្រព័ន្ធជលសាស្ត្រនៃតំបន់ដីសណ្តរ គឺចាប់ពីភ្នំពេញទៅភាគខាងត្បូង ដែលជាចំណុច​បំបែករវាងទន្លេបាសាក់ និងទន្លេមេគង្គ ដែលលាតសន្ធឹងស្របគ្នាប្រមាណ៧០គីឡូម៉ែត្រ ឆ្ពោះទៅព្រំប្រទល់ប្រទេសវៀតណាមនិងសមុទ្រ។​

ក្នុងបរិបទនេះ ការសិក្សាស្រាវជ្រាវនៃគម្រោងផ្តោតទៅលើពីរចំណុចធំៗ គឺទី១ ផ្តោតលើការគ្រប់គ្រងធនធាន ធម្មជាតិជាសហគមន៍ និងទី២ ផ្តោតលើការគ្រប់គ្រងតំបន់ព្រែក ដែលបានសាងសង់ឡើងក្នុងអំឡុងពេល អាណានិគមបារាំង ដើម្បីធ្វើប្រពលវប្បកម្មកសិកម្ម និងសម្រាប់បម្រើការងារផ្សេងៗទៀតនៅក្នុងតំបន់។​ ការសិក្សានេះ បានអនុវត្តនៅក្នុងខេត្តចំនួនពីរ គឺខេត្តតាកែវ និងកណ្តាល ដោយមានការបញ្ចូលការ ពិភាក្សាស៊ីជម្រៅរវាងភាគីពាក់ព័ន្ធផងដែរ ដើម្បីចងក្រងជាឧបករណ៍នៃការពិភាក្សាមួយ។​

 

នៅខេត្តតាកែវ ការសិក្សាផ្តោតចំបងទៅលើការវិភាគប្រព័ន្ធដំណាំស្រូវ ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងតួនាទីរបស់សហគមន៍កសិករប្រើប្រាស់ទឹក (FWUC) ក្នុងការធានាការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តប្រកប ដោយចិរភាព។​ តាមការសង្កេត និងសិក្សានៅប្រទេសកម្ពុជាជាច្រើនកន្លងមក បានបញ្ហាញថាការផ្តល់សិទ្ធិ និងអំណាចទៅដល់អ្នកអនុវត្ត ឬអ្នកគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅថ្នាក់តំបន់នៅមានកម្រិតនៅឡើយ ហើយ ផ្ទុយទៅវិញផ្តល់អតិភាពចំបងទៅលើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រថ្មី និងស្តារឡើងវិញ ជាលក្ខណៈខ្នាតធំ ជាជាងការផ្តល់ការទ្រទង់ការថែទាំជាប្រចាំនូវប្រព័ន្ធមានស្រាប់ទៅដល់ថ្នាក់តំបន់។​ ពាក់ព័ន្ធទៅនឹងនិន្នាការនេះផងដែរ ការសាងសងប្រព័ន្ធធារាស្ត្រថ្មី ឬស្តារប្រព័ន្ធធារាសាស្ត្រ គឺជាការបង្កើត និមិត្តរូប និងសារៈសំខាន់នៃនយោបាយធារាសាស្ត្ររបស់ប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។​

ការសិក្សាបានបញ្ជាក់ផងដែរថា ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅតំបន់ទំនាបនៃខេត្តតាកែវ គឺបានអនុវត្ត ដោយ “សហគមន៍” ដែលក្នុងនេះរួមមានក្រុមសហគ្រិនកសិករ (អ្នកម៉ៅការទឹក) ជាអ្នកដែលមាន ម៉ាស៊ីនបូមទឹក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាបូមទឹកពីប្រឡាយមេឬប្រឡាយរង ដើម្បី ស្រោចស្រពទៅដល់កសិករ។ លើសពីនេះទៅទៀត ក្រុមសហគ្រិន​កសិករទាំងនោះ បានដើរតួនាទី ជាអ្នកទិញដីស្រែពីកសិករក្នុងតំបន់របស់ពួកគេផងដែរ (Phoeurk and Venot, 2019; Venot et al., 2019) ។​ យោងតាមលទ្ធផលស្រាវជា្រវរបស់ Fétiveau​ (2019) បានបង្ហាញថា កត្តាដែលជម្រុញ ឲ្យកសិករលក់ដីស្រែ ទៅឲ្យអ្នកម៉ៅការទឹកទាំងនោះ គឺដោយសារទទួលបានប្រាក់ចំណូល ពីការផលិត ស្រូវទាប ខណៈដែលស្រូវ​ទាំងនោះត្រូវបាននាំចេញទៅប្រទេសវៀតណាម និងការប្រឈមទៅនឹងភាព មិនទៀងទាត់នៃបរិមាណទឹកនៅក្នុងប្រឡាយ(គ្រោះរាំងស្ងួត) ដែលជាកត្តាជម្រុញឲ្យកសិករខ្នាតតូចជាប់ បំណុលជាច្រើន និងធ្វើ​ការចំណាកស្រុកផងដែរ។​

 

 

ចំណែកឯខេត្តកណ្តាលវិញ ការសិក្សាផ្តោតសំខាន់ទៅលើការគ្រប់គ្រងសហគមន៍នេសាទ ការជួសជុល និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធប្រឡាយ​ (ជាភាសាតំបន់ត្រូវបានហៅថា ព្រែក) ដែលសាង់សង់ ក្នុងអំឡុងរបបអាណានិគមបារាំង។​ ក្រុមអ្នកនេសាទ ឬសហគមន៍នេសាទត្រូវបានបង្កើតឡើងអំឡុងពាក់ កណ្តាលឆ្នាំ២០១០ បន្ទាប់ពីឡូដ៏នេសាទទាំងអស់ទូទាំងប្រទេសត្រូវបានប្រកាសបិទដោយរាជរដ្ឋាភិបាល និងផ្តូរការគ្រប់គ្រងដោយឯកជន ទៅឲ្យប្រជាពលរដ្ឋឬសហគមន៍ក្នុងតំបន់ជាអ្នកគ្រប់គ្រង និងទទួលផល វិញ។ សមាជិកសហគមន៍ អាចធ្វើការនេសាទសម្រាប់បរិភោគ និងចូលរួមជាមួយសហគមន៍ក្នុងការការពារ ធនធានជលផលនៅក្នុងតំបន់ ដូចជាការធានា​ និងទប់ស្កាត់រាល់សកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់ ជាដើម។ ជាក់ស្តែងនៅខេត្តកណ្តាល រដ្ឋបាលជលផលបានផ្តល់សិទ្ធិ និងគាំទ្រអនុញ្ញាតឲ្យសហគមន៍មួយ ចំនួននៅក្បែរព្រំប្រទល់វៀតណាមអាចដំឡើងប្រព័ន្ធធ្នស់ជាលក្ខណៈអាជីវកម្ម ដើម្បីប្រមូលផលត្រី ដែលហូរ ចុះទៅប្រទេសវៀតណាម។​ ករណីមួយចំនួន សហគមន៍នេសាទបានផ្តួចផ្តើម និងបានអនុវត្តវិធីសាស្ត្រ ច្នៃប្រឌិតផ្សេងៗ ក្នុងការដោះស្រាយជាមួយភាពមិនប្រក្រតីនៃរបបទឹក និងទិន្នផលត្រី ក៏ដូចជាការទប់ស្កាត់ ហានិភ័យនានា និងការបែងចែកនូវអត្ថប្រយោជន៍ទៅដល់សមាជិកប្រកបដោយសមភាព។ បន្ថែមពីនេះ ទៅទៀត ឈ្មួញកណ្តាលដែលប្រមូលទិញត្រី និងជាអ្នកផ្តល់ប្រាក់កម្ចីទៅដល់សហគមន៍នេសាទសម្រាប់ ដំឡើងប្រព័ន្ធធ្នស់ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើនបំផុតពីការប្រមូលផលត្រីរបស់សហគមន៍ (ខណៈដែលកាលពី១០ឆ្នាំមុន ម្ចាស់ឡូដ៏នេសាទគឺជាអ្នកទទួលបានផលប្រយោជន៍ស្ទើរតែទាំងស្រុង ក្នុងការ ប្រមូលផលត្រីពីអាជីវកម្មរបស់ពួកគេ) (Venot and Phoeurk, 2019) ។ ជាបទពិសោធន៍កន្លងមក សហគមន៍នេសាទបានប្រឈមការលំបាកមួយចំនួនដូចជា ការគ្រប់គ្រងការនេសាទខ្នាតតូច និងលក្ខណៈអាជីវកម្ម ដែលមិនបានគោរពតាមគោលការណ៍របស់សហគមន៍ជាដើម។​ លើសពីនេះ សហគមន៍នេសាទមានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ថវិការរបស់សហគមន៍ ស្ទើរតែពាក់ កណ្តាលនៃប្រាក់ចំណូលប្រចាំឆ្នាំសរុប ទៅដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងតំបន់។ លទ្ធផលបានបង្ហាញពី គោលនយោបាយនៃការបិទឡុដ៏នេសាទ ដែលបានគ្រប់គ្រងដោយឯកជន គឺបានជម្រុញឲ្យមានការប្រើប្រាស់ និងប្រពលវប្បកម្មដីធ្លីមានការកើនឡើង ជាលក្ខណៈទ្រង់ទ្រាយធំ។ តំបន់វាលព្រៃធម្មជាតិ ត្រូវបានកាប់ឆ្ការ ដើម្បីដាំដំណាំពោត និងស្រូវ។ កត្តាមួយចំនួននេះ រួមទាំងបម្រែបម្រួលរបបទឹកនៃទន្លេមេគង្គ បានបង្ករឲ្យមានការថយចុះនូវទំហំ និងផលិតភាព នៃតំបន់វាលទំនាបសម្រាប់ធ្វើការនេសាទ។​ គ្រួសារ ជនជាតិភាគតិច ចាម ដែលតែងតែរស់នៅលើទូក ហើយធ្វើការនេសាទចល័តតាមចរន្តត្រីនៅក្នុងតំបន់ទំនាប ទាំងនេះ គឺទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងពីបម្រែបម្រួលទាំងនេះ ដោយទិន្នផលត្រីតាមរយៈ ការនេសាទរបស់ពួកគេមានការធ្លាក់ចុះពីមួយឆ្នាំ ទៅមួយឆ្នាំ។​

ការសិក្សាដោយមានការចូលរួម តាមរយៈការពិភាក្សារួមគ្នារវាងភាគីពាក់ព័ន្ធ

ការសិក្សាបានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រឡាយជាច្រើន ដែលត្រូវបានស្តារឡើងវិញនៅចុងសតវត្សទី១៩ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជៀសទឹកពីទន្លេហូរចូលទៅតំបន់ទំនាប ដែលភាសាតំបន់ហៅថា បឹង។ ប្រឡាយទាំងនេះត្រូវបានហៅថា ព្រែក ហើយត្រូវបានប្រើប្រាស់សម្រាប់ពហុប្រយោជន៍ជាច្រើនកាលពី ១៥០ឆ្នាំមុន មានដូចជា ការបញ្ជៀសនូវរបបដីល្បាប់ ជាមធ្យោបាយនៃការដឹកជញ្ជូន/ការធ្វើដំណើរ ការនេសាទ និងការស្រោចស្រពជាដើម។

ការសិក្សាផ្តោតទៅលើការស្វែងយល់ពីតួនាទីជលសាស្ត្រនៃប្រព័ន្ធព្រែក និងការយល់ឃើញអំពីហានិភ័យ និងភាពមិនប្រក្រតីនៃការគ្រប់គ្រងប្រព័ន្ធព្រែក (Pratx,2017)   ជាពិសេសគម្រោងស្តារឡើងវិញនៃប្រព័ន្ធ ព្រែកក្នុងតំបន់សិក្សា។​ លទ្ធផលនៃការសិក្សា​បានផ្តល់ជាធាតុចូលសម្រាប់ការរៀបចំឧបករណ៍ពិភាក្សា ដោយមានការចូលរួម​មួយ (serious role playing game) ដើម្បីពិភាក្សារួមគ្នារវាងភាគីពាក់ព័ន្ធ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់។ ការពិភាក្សា ដោយមានការចូលរួមនេះ បានអនុវត្តជាមួយក្រុមកសិករ នៅក្នុងឃុំចំនួនពីរ ក៍ដូចជាមេឃុំ មន្ត្រីតំណាងឲ្យមន្ទីរ រដ្ឋបាលខេត្ត អ្នកស្រាវជ្រាវ និងបុគ្គលិកភ្នាក់ងារអភិវឌ្ឍន៍នានា។​ ការពិភាក្សា​បានផ្តោត លើចំណេះដឹងស៊ីជម្រៅ ដែលអ្នករស់នៅក្នុងតំបន់យល់ឃើញ​ទៅលើភាពចម្រុះ និងទំនាក់ទំនងរវាងសេដ្ឋកិច្ចសង្គមនិងបរិស្ថាន នៅតាមតំបន់ព្រែក។​ ជាលទ្ធផលបានលើកឡើងថា គម្រោងស្តារឡើងវិញបច្ចុប្បន្ននៅតែផ្តោតលើ ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងទឹក និងប្រពលវប្បកម្មកសិកម្ម ដូច្នេះការសិក្សា និងការស្វែងយល់ឲ្យកាន់តែច្បាស់អំពីពហុប្រយោជន៍ និងសេវាកម្មផ្តល់ ដោយតំបន់ទំនាបពិតជាចាំបាច់ ក្នុងការសិក្សាបន្ថែម (Venot, 2018, 2019). លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញពីគម្រោងស្តារព្រែក កន្លងមក និងនាពេលបច្ចុប្បន្ន ដែលអាចផ្តល់ជាការបង្កើតវិធីសាស្ត្រចម្រុះ ដោយអាចកំណត់សំគាត់ បាននូវ ទំនាក់ទំនងរវាងសង្គម និងបរិស្ថាន។​